តើពេលវេលាគឺជាមាសប្រាក់ ពេលវេលាគឺមានតម្លៃណាស់? តើពិតមែនដែរទេ?
តាមពិតទៅ:
ពេលវេលាគឺមានតម្លៃឬមិនមានតម្លៃ សំខាន់ឬមិនសំខាន់ វែងឬខ្លីគឺមានន័យមិនដូចគ្នាទេសម្រាប់មនុស្សម្នាក់ៗ ព្រោះថាមួយនាទី មួយថ្ងៃ ឬមួយសប្តាហ៍គឺមានន័យណាស់ មានតម្លៃនិងសំខាន់ណាស់ ឬឆាប់ណាស់សម្រាប់មនុស្សដែលកំពុងរីករាយ កំពុងធ្វើរឿងដ៏មានតម្លៃ ឬនៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ចូលចិត្តជាដើម ក៏ប៉ុន្តែមួយនាទី មួយថ្ងៃ ឬមួយសប្តាហ៍ដូចគ្នាគឺយូរណាស់ អផ្សុកណាស់ ធុញណាស់ គ្មានខ្លឹមសារ ឬគ្មានតម្លៃអ្វីទេសម្រាប់មនុស្សដែលរងចាំអ្វីមួយ កំពុងតែជួបទុក្ខ ឬគ្មានកិច្ចការសំខាន់អ្វីមួយដែលត្រូវធ្វើជាដើម។ ក៏ប៉ុន្តែពេលវេលាប្រចាំថ្ងៃរបស់យើងគ្រប់គ្នាបានប្រាប់នូវរឿង៤យ៉ាងៗតិចដល់យើងថា៖
1. មួយថ្ងៃវាផ្តល់ឱ្យយើង២៤ម៉ោងដូចគ្នា
2. វាធ្វើដំណើរទៅមុខជានិច្ចមិនអាចបកក្រោយឡើយ
3. វាធ្វើដំណើរក្នុងល្បឿនដូចគ្នា
4. វាធ្វើដំណើរដោយមិនឈប់ឡើយ
@បើយើងមិនបានចំណាយវាធ្វើរឿងមានប្រយោជន៍ គឺប្រាកដជាយើងចំណាយវាធ្វើរឿង ឬទុកវាចោលឥតប្រយោជន៍ ជាលទ្ធផលដែលយើបានឬមិនទទួលបានប្រយោជន៍ ឬក្លាយជាមនុស្សមានប្រយោជន៍ឬឥតប្រយោជន៍ក៏ដោយសារតែបញ្ញានិងចរិតរបស់យើងម្នាក់ៗក្នុងការប្រើប្រាស់ពេលវេលាប្រចាំថ្ងៃនេះឯង។
រីឯជីវិតគឺជាទុក្ខ ជីវិតគឺពិតជាមានន័យណាស់ ឬជីវិតគឺខ្លីណាស់មែនទេ?
ពិតណាស់ដែលថា ជីវិតគឺជាទុក្ខ ជីវិតគឺពិតជាមានន័យណាស់ ឬជីវិតគឺខ្លីណាស់។ ក៏ប៉ុន្តែសេចក្តីឈឺចាប់ ភាពសប្បាយរីករាយ យូរឬឆាប់ ឬន័យខ្លឹមសារដែលមនុស្សម្នាក់បានទទួលឬឱ្យតម្លៃពីជីវិតគឺមិនដូចៗគ្នាទេ បើទោះជាមនុស្សស្ថិតនៅក្នុងស្ថានភាពដូចគ្នាឬខុសគ្នាក៏ដោយចុះ។ តួយ៉ាងដូចជាមនុស្សខ្លះគ្រាន់តែទទួលរងរបួសរាងកាយបន្តិចបន្តួចគឺក៏ស្រែកឈឺចាប់ដូចគេត្រូវរបួសបាក់ដៃបាក់ជើងជាដើម រីឯអ្នកខ្លះមានបញ្ហាបន្តិចបន្តួចក៏តម្អូញដូចគេជួបទុក្ខធំណាស់ជាដើម ។ មនុស្សខ្លះទោះមានកិច្ចការស្រាលឬធ្ងន់ តូចឬធំតែគេធ្វើវាដោយរីករាយ ដោយការទទួលខុសត្រូវនិងដោយអំណត់ជាដើម។ ជារួមជីវិតនេះគឺមានន័យណាស់ឬខ្លីណាស់សម្រាប់មនុស្សដែលកំពុងបំពេញកិច្ចដែលមានប្រយោជន៍ កំពុងរីករាយនឹងការបំពេញបុណ្យកុសល កំពុងមានសុភមង្គល មានក្តីសុខក្នុងចិត្តច្រើន ដែលមានតម្លៃនិងយល់ពីអត្ថន័យនៃជីវិត ។ ក៏ប៉ុន្តែតែជីវិតនេះវែងណាស់ មានទុក្ខណាស់ ឬឥតន័យសោះឡើយសម្រាប់មនុស្សដែលកំពុងបំពេញកិច្ចដែលគ្មានប្រយោជន៍ កំពុងជួបទុក្ខ កំពុងសាងបាបកម្ម កំពុងគ្មានសុភមង្គល គ្មានក្តីសុខក្នុងចិត្ត និងមិនយល់ពីអត្ថន័យនៃជីវិតជាដើម។ ដូចនេះជីវិតមានន័យឬខ្លឹមសារយ៉ាងណានោះគឺអាស្រ័យទៅលើចិត្តឬបញ្ញារបស់មនុស្សម្នាក់ៗរៀងៗខ្លួន។
សង្ខេបរួមទាក់ទងនឹងការប្រើប្រាស់ពេលវេលានិងជីវិតឱ្យមានគុណតម្លៃ
យ៉ាងណាក៏ដោយចុះដើម្បីធ្វើឱ្យជីវិតមានន័យខ្លឹមសារនិងបានសុខច្រើន ព្រះពុទ្ធបានផ្តល់ឱវាទថា មនុស្សយើងត្រូវមាន សីល សមាធិ និងបញ្ញាដើម្បីជួយដឹកនាំជីវិត។
ពោលគឺ
ទី១មានសីលជួយអប់រំនិងឃុំគ្រង កាយនិងវាចាឱ្យបដិបត្តិប្រកបដោយ សច្ចៈ ខន្តី និងកតញ្ញូ។សីលកើតមកពីការវៀរចាកកម្មទុច្ចរិត ឬកម្មដែលនាំដល់ទុក្ខទោសឬអន្តរាយដល់ខ្លួនឯង ឬដល់អ្នកដទៃ។
ទី២មានសមាធិដើម្បីជួយអប់រំ និងសម្អាតចិត្តឱ្យរួចផុតពីអាណានិគមរបស់កិលេសទើបអាចចម្រើនសីល សទ្ធានិងបញ្ញា។ សមាធិកើតមកពីការសិក្សារៀនសូត្រអំពីចិត្ត និងការរៀនអប់រំ ហ្វឹកហាត់និងឃុំគ្រងចិត្តឱ្យបានល្អជាប្រចាំ។ ទី
៣មានបញ្ញាដើម្បីជួយឱ្យចិត្តដឹងខុស ដឹងត្រូវ ដឹងល្អ និងដឹងអាក្រក់ ដើម្បីឱ្យចិត្តដឹកនាំកាយ និងវាចាឱ្យបដិបត្តិត្រូវ។
បញ្ញាកើតមកពីការសិក្សារៀនសូត្រ គឺការអាន ស្តាប់ អង្កេតពិនិត្យមើល ពិសោធ គិតពិចារណា និងការអប់រំទូន្មានចិត្ត កាយ និងវាចាឱ្យប្រព្រឹត្តល្អជាប្រចាំ។












